រដ្ឋបាលខេត្តតាកែវ

Takeo Administration

រដ្ឋបាលខេត្តតាកែវ

Takeo Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រមណីយដ្ឋានទេសចរណ៍ភ្នំដា

ដោយ admin@takeo.gov.khចំនួនទស្សនា (71)

ប្រវត្តិរមណីយដ្ឋានទេសចរណ៍ភ្នំដា

ប្រាសាទភ្នំដាកសាងនៅលើកំពូលភ្នំដា មានកម្ពស់៤០ម៉ែត្រ ប្រាសាទនេះបែមុខទៅទិសខាងជើងសំដៅទៅរករាជធានីនគរភ្នំ ដែលទីតាំងស្ថិតនៅស្រុកអង្គរបូរីសព្វថ្ងៃ។

ប្រាសាទនេះកសាងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ជារាងការ៉េ ជ្រុងនីមួយៗមាន១២ម៉ែត្រ និងមានកម្ពស់១៨ម៉ែត្រ ពុំមានជណ្តើរទេ មានទ្វា៣ជាទ្វាបញ្ឆោតនិងទ្វា១ជាទ្វាពិតនៅជញ្ជាំងខាងជើង ហើយជញ្ជាំងក្រាសខុសប្លែកពីប្រាសាទនានា។ ប្រាសាទភ្នំដាពុំមានរបង (កំពែងឬកំផែង) ព័ទ្ធជុំវិញទេ។ នៅខាងក្នុងមានតាំងលឹង្គព្រះឥសូរតាំងពីសម័យសាងសង់ប្រាសាទសម្រាប់ជាទីសក្ការៈបូជា។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សទី ៦ ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន ជាក្សត្រចុងក្រោយក្នុងសម័យអាណាចក្រភ្នំ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាដោយសារតែប្រាសាទភ្នំដាមានអាយុកាលចាស់តាំងពីសតវត្សទី ៦ នោះទើបក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ជួសជុលឡើងវិញ(សតវត្សទី១១) ដោយកត់សម្គាល់ឃើញផ្តែរ និងសសរពេជ្រប្រហាក់ប្រហែលគ្នា និងរចនាបទឃ្លាំង។ ដោយឡែកផ្តែរសសរពេជ្រត្រូវយកទៅរក្សាទុកនៅសារៈមន្ទីរអង្គរបូរីតាំងពីឆ្នាំ១៩៩៩។ ប្រាសាទភ្នំដាគឺជាប្រាសាទទោល។

ទេវៈកថា ផ្តែរនិងហោជាងប្រាសាទភ្នំដាទាក់ទងនឹងរឿងកូរសមុទ្រទឹកដោះ ជានិច្ចកាលពួកទេវៈ (ទេវតា) និងពួកអសុរៈ (យក្ស) ពុំដែលត្រូវគ្នាទេ ស្រាប់តែពេលមួយពួកគេបានឯកភាពគ្នាកូរសមុទ្រទឺកដោះដើម្បីយកទឹកអម្រឹត គេក៏បានយកភ្នំមន្តរៈដាក់ចំកណ្តាលសមុទ្រទឹកដោះ ហើយយកនាគវិសុគិមកធ្វើជាខ្សែសម្រាប់ទាញបង្វិលភ្នំឱ្យវិល។ ពេលនោះពួកអសុរៈ ចាប់ទាញខាងក្បាល និងពួកទេវៈចាប់ទាញខាងកន្ទុយប៉ុន្តែការទាញពុំអាចពុំអាចធ្វើឱ្យភ្នំមន្តរៈវិលបានទេ។ ប្រមើលឃើញដូចនោះព្រះវិស្ណុបានអវតាខ្លួន(ប្រែខ្លួន) ព្រះអង្គជាអណ្តើកកូម៌ មកដល់ក្រោមភ្នំដើម្បីជួយទេវៈនិងអសុរៈឱ្យបានសម្រេចដូចបំណង។ ពេលកំពុងកូរសមុទ្រទឹកដោះនោះ ពពួកនាទេពអប្សរាបានចេញមករេរាំអបអរសាទរពួក​គេទាំងពីរក្រុម។ សម្រស់នាងទេពអប្សរាបានធ្វើឱ្យពួកអសុរៈនិងទេវៈភ្លាំងភ្លឹកលែងនឹកឃើញដល់ទឹកអម្រឹត។ ពេលនោះទឹកអម្រឹតកកើតមានឡើង ឃើញដូចនោះរាហ៊ូក៏បានទៅក្រេបទឹកអម្រឹតនោះទៅ។ ពេលរាហ៊ូកំពុងក្រេបទឹកអម្រឹត ព្រះអាទិត្យ និងព្រះច័ន្ទឃើញក៏បានរាយការណ៍ទៅព្រះវិស្ណុ ព្រះអង្គក៏បានយកកងចក្រគ្រវែងទៅលើរាហ៊ូបណ្តាលឱ្យដាច់ត្រឹមក តែរាហ៊ូមិនស្លាប់ទេព្រោះបានក្រេបទឹកអម្រឹតដល់ត្រឹមកប៉ុណ្ណោះ រីឯនាកវាសុគិ​ខឹងក៏បានព្រួសពិសទៅលើរាហ៊ូតែពិសនោះបែជាទៅប៉ះព្រះឥន្ទទៅវិញធ្វើឱ្យមុខព្រះឥន្ទមានព័ណ៌ខៀវរហូតដល់សព្វថ្ងៃនេះ។ ចំពោះទឹកអម្រឹតកាលបើបានផឹកហើយនឹងមាន​ជិវិតអមតៈ ដូច្នេះហើយដោយសារតែរាហ៊ូបានក្រេបទឹកអម្រឹតដល់ត្រឹមក ទើបពេលដែលព្រះវិស្ណុគ្រវែងកងចក្រត្រូវដាច់ត្រឹមកពុំស្លាប់ដោយមានតែក្បាលពុំមានខ្លួនដល់សព្វថ្ងៃ។

ទីតាំង៖ រមណីយដ្ឋានទេសចរណ៍ភ្នំដា ស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ

ចម្ងាយ៖ មានចម្ងាយ ២៥គីឡូម៉ែត្រតាមផ្លូវទឹក និង៦៥គីឡូម៉ែត្រតាមផ្លូវគោកពីទីរួមខេត្តតាកែវ។

មធ្យោបាយ៖ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរដោយកង់ ម៉ូតូ រថយន្តតាមផ្លូវគោក និងទូក អូប័រតាមផ្លូវទឹក។

សក្តានុពលទេសចរណ៍៖ ភ្នំដាជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ បំរើឱ្យភ្ញៀវទេសចរណ៍មកធ្វើការសិក្សាស្រាវជ្រាវ ស្វែងយល់អំពីប្រវត្តិសាស្ត្រនៃការកកើតឡើងដំបូងបង្អស់នូវទឹកដីប្រទេសកម្ពុជាក្នុងសម័យកាលដ៏យូរលង់ណាស់មកហើយ។ រីឯទេសភាពជុំវិញភ្នំក៏មានសម្រស់គួរឱ្យគយគន់ នារដូវវស្សាព័ទ្ធជុំវិញទៅដោយទឹកទឹកធំល្ហល្ហេវដូចជាសមុទ្រ ហើយនៅរដូវប្រាំងគឺជាវាលស្រែធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក។

សកម្មភាពទេសចរណ៍៖ ដើម្បីទៅសម្រាកលំហែកាយ កម្សាន្តសប្បាយ ភ្លក្សរសជាតិម្ហូបអាហារក្នុងតំបន់ និងការសិក្សាស្រាវជ្រាវ។

សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
TAKEO WEATHER
ព័ត៌មានជាប់ទាក់ទង

សាលាខេត្តតាកែវ, Krong Doun Kaev

អ៊ីមែល : info@takeo.gov.kh

លេខទូរស័ព្ទ : (+855)77 822 282

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តតាកែវ

កែប្រែចុងក្រោយ : 2 ខែមុន