រដ្ឋបាលខេត្តតាកែវ

Takeo Administration
ស្វែងរក

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវជាតិលេខ ៣ និងស្ពានអាកាសថ្មើរជើងនៅខាងមុខផ្សារអង្គតាសោម

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងមានការចូលរួមពីក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យគុណភាពផ្លូវ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ផ្លូវជាតិលេខ៣ និងស្ពានថ្មើរអាកាសថ្មើជើង នៅភូមិសាស្ត្រខាងមុខផ្សារអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមការបញ្ជាក់ ពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីបញ្ជៀសឱ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការបើកបរបត់ត្រឡប់ក្រោយនៅលើផ្លូវជាតិលេខ៣នេះ នឹងក្រោយពីការស្នើរបស់ក្រសួងក្រុមហ៊ុនសាងសង់ក៏បានសម្រេចជួយសាងសង់ផ្លូវត្រឡប់ក្រោយចំនួន៥កន្លែង នៅលើផ្លូវជាតិលខ៣នេះផងដែរ។

សូមបញ្ជាក់ថា ការពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) លើកំណាត់ផ្លូវជាតិលេខ៣នេះ មានប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលចិនជាង ២០០លានដុល្លារអាមេរិក។គម្រោងនេះចែកចេញជាពីរកំណាត់៖ កំណាត់ទី១ ចាប់ពីភ្នំពេញ (ចោមចៅ)-បែកគូស មានប្រវែងជិត៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។ ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា២គន្លង (១គន្លងទៅ ១គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ៕

អត្ថបទទាក់ទង