តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ១៥ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រចស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលកិច្ចប្រជុំនេះបានរៀបចំធ្វើទ្បើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុក និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តអញ្ជើញចូលរួមផងដែរ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏ដូចជាអាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ជាពិសេសក្នុងរដូវទឹកឡើងនេះ ព្រោះថាពេលនេះទឹកកំពុងជន់លិចនៅផ្នែកខាងលើមានខេត្តមណ្ឌលគិរី ស្ទឹងត្រែងជាដើម ហើយដែលអាចនឹងបណ្តាលឱ្យប៉ះពាល់ដល់ខេត្តតាកែវក្នុងពេលខាងមុខ។