ស្រុកកោះអណ្តែត៖ ព្រឹកថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ មន្ទីរផែនការខេត្តតាកែវ សហការជាមួយរដ្ឋបាលស្រុកកោះអណ្តែត បានបើកវគ្គបណ្តុះបណ្តាលបំប៉នស្តីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ នៅសាលប្រជុំសាលាស្រុកកោះអណ្តែត ក្រោមអធិបតីភាពលោក គិន ភក្តី អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត ដោយមានការអញ្ជើញចូលរួមពី លោកមេឃុំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ទាំង០៦ និងអ្នកកាន់ថេបប្លេត ២នាក់ក្នុង ១ឃុំ។
វគ្គបណ្តុះបណ្តាលនេះបង្កើតឡើងក្នុងគោលបំណងដើម្បីធ្វើការពង្រឹងសមត្ថភាពបន្ថែមដល់ក្រុមប្រឹក្សាឃុំ និងអ្នកទទួលបន្ទុកកាន់ថេបប្លេត ក្នុងការអនុវត្តការងារអត្តសញ្ញណកម្មគ្រួសារក្រីក្រតាមការស្នើសុំឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងមានលទ្ធភាពកែសម្រួលព័ត៌មានព័ត៌មានផ្សេងៗដូចជា៖ ភេទ អាយុ បន្ថែមសមាជិកថ្មី លុបសមាជិកស្ទួនឈ្មោះ និងដកគ្រួសារដែលមានជីវភាពប្រសើរចេញ។ល។
សូមបញ្ជាក់ថាកន្លងមក ដោយសារផលប៉ះពាល់នៃវិបត្តកូវីដ-១៩ នៅកម្ពុជាក៏ដូចជានៅក្នុងពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដែលកំពុងកាន់បណ្ណសមធម៌ ដោយបានអនុវត្តចាប់តាំងពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០២០នេះបានមួយជំហានរួចមកហើយ ហើយនឹងបន្តឧត្តម្ភជូនចំនួន ០៣ខែបន្ថែមទៀតគឺពីខែមករា ដល់ចុងខែមីនា ឆ្នាំ២០២១។